បុរសរើសអេតចាយនៅរាជធានីភ្នំពេញ ម្នាក់
ដែលរងការបាញ់ប្រហារពីអ្នកបើករថយន្តទំនើបម្នាក់
ហើយកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
ដង្ហោយហៅរកយុត្តិធម៌
ដោយស្នើឲ្យសមត្ថកិច្ចចាប់ខ្លួនជនប្រព្រឹត្តមកផ្ដន្ទាទោសតាមច្បាប់។ ឆ្លើយតបនឹងករណីនេះ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថាសមត្ថកិច្ចកំពុងស្វែងរកជនប្រព្រឹត្ត
ទោះអ្នកប្រព្រឹត្តនោះជានរណាក៏ដោយ។
បុរសរើសអេតចាយដែលរងការបាញ់ប្រហារឈ្មោះ វ៉ាន សុភា កំពុងសម្រាកសង្គ្រោះបន្ទាន់ និងភរិយា នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។ RFA/Brach Chev
ស្របពេលសមត្ថកិច្ចចាប់ខ្លួនជនប្រព្រឹត្តមិនទាន់បាន
គ្រួសាររបស់បុរសជាអ្នករើសអេតចាយ កំពុងជួបបញ្ហាយ៉ាងច្រើន
ពីព្រោះគាត់ជាជនបង្គោលរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ។
បុរសរើសអេតចាយឈ្មោះ វ៉ាន សុភា
កំពុងស្ថិតសភាពសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី មានសភាពធ្ងន់ធ្ងរ
កម្រើកខ្លួនមិនបាន យូរៗម្ដងលោកស្រែកដង្ហក់ដោយសំឡេងតិចៗថា ឈឺៗ។
មកទល់នេះ ក្រុមគ្រូពេទ្យបានវះកាត់យកគ្រាប់កាំភ្លើងចេញរួចហើយ។
បុរសរើសអេតចាយដែលមានសម្បុរខ្មៅ
ស្ថិតក្នុងសភាពស្លេកស្លាំង គេងលើគ្រែកំពុងបញ្ចូលខ្យល់អុកស៊ីហ្សែន
ប្រាប់វិទ្យុអាស៊ីសេរី ទាំងសំឡេងខ្សាវៗ នៅថ្ងៃទី១៦ ខែធ្នូ ថា
នៅពេលនេះលោកឈឺចាប់ខ្លាំងនៅកន្លែងរបួស
និងកន្លែងវះកាត់យកគ្រាប់កាំភ្លើងចេញ។ បុរសដដែលបន្តថា
លោកមិនដែលស្គាល់ជនបង្កហេតុទេ ហើយក៏មិនដឹងពីមូលហេតុដែលនាំឲ្យមានការបាញ់ប្រហារលើរូបលោកដែរ។
ជនរងគ្រោះ វ៉ាន សុភា អោយដឹងថា នៅយប់កើតហេតុ
ក្នុងពេលលោកកំពុងរើសអេតចាយពីគំនរសំរាមនៅម្ដុំលូទឹកស្អុយ
និងបានចតរទេះអេតចាយនៅបណ្ដោយផ្លូវនោះ
ស្រាប់តែបុរសម្នាក់ដែលមិនស្គាល់មុខទាញកាំភ្លើងបាញ់លោកហើយ
ក៏គេចខ្លួនបាត់ស្រមោល៖ «»។
សាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា
មូលហេតុបណ្ដាលឲ្យមានការបាញ់ប្រហារនេះ ព្រោះបុរសជាអ្នករើសអេតចាយ
ឈប់រទេះធ្វើអោយទើសផ្លូវធ្វើចរាចរណ៍របស់បុរសជិះឡានទំនើបនៅយប់កើតហេតុនោះ។
ផ្ទះជួលរបស់បុរសរើសអេតចាយដែលរងការបាញ់ប្រហារឈ្មោះ វ៉ាន សុភា និងក្រុមគ្រួសារ នៅ សង្កាត់បឹងត្របែក ខណ្ឌមានជ័យ រាជធានីភ្នំពេញ រូបថតថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។ RFA/Phann Yasy
ភរិយារបស់លោក វ៉ាន សុភា លោកស្រី សុខ ពាន ដែលជាអ្នកដើររើសអេតចាយដែរនោះ និងកំពុងថែរក្សាស្វាមីនៅមន្ទីរពេទ្យ រំលឹកប្រព្រឹត្តិការណ៍ដែលកើតឡើងនៅយប់នោះថា នៅពេលលោកស្រីទៅដល់កន្លែងកើតហេតុ ឃើញប្ដីរបស់លោកស្រីដេកដួលលើផ្លូវហូរឈាមសស្រាក់៖ «»។
លោកស្រីបន្តថា ដោយសារប្ដីលោកស្រីជាអ្នករើសអេតចាយ គ្មានឡានសង្គ្រោះបន្ទាន់មកដឹកបញ្ជូនទៅមន្ទីរពេទ្យនោះទេ។ លោកស្រីថា នៅទីបំផុត ប៉ូលិសសង្កាត់បឹងត្របែក បានយកម៉ូតូផ្ទាល់ខ្លួនដឹកប្ដីលោកស្រីមកមន្ទីរពេទ្យ។ លោកស្រីស្នើឲ្យសមត្ថកិច្ចតាមចាច់ខ្លួនបុរសបាញ់លើប្ដីរបស់លោកស្រីដើម្បីផ្ដន្ទាទោសតាមច្បាប់ និងទាមទារឲ្យជនប្រព្រឹត្តផ្ដល់សំណងមកលោកស្រីឲ្យបានសមរម្យ៖ «»។
បុរសរើសអេតចាយសព្វថ្ងៃមានកូនបីនាក់ក្នុងបន្ទុក។ កូនពីរនាក់កំពុងរៀននៅថ្នាក់បឋមសិក្សា និងលោកក៏ត្រូវចិញ្ចឹមក្មួយបីនាក់ទៀត។ ពីរនាក់ប្ដីប្រពន្ធរើសអេតចាយ មានរទេះតែមួយទេ ដូច្នេះអ្នកទាំងពីរត្រូវប្ដូរវេនគ្នាចេញរើសអេតចាយ។ ស្ត្រីជាប្រពន្ធថា នៅដើមខែធ្នូ នេះ ប្តីលោកស្រីប្រឹងដើររើសអេតចាយទាំងយប់ទាំងថ្ងៃ ព្រោះម្ចាស់ផ្ទះដំឡើងថ្លៃឈ្នួល គឺពី ២៥ដុល្លារ ទៅ ៣០ដុល្លារ។ អ្នកទាំងពីអាចរកចំណូលពីរបរនេះបានពី ១ម៉ឺនរៀល ទៅ ២ម៉ឺនរៀលក្នុងមួយថ្ងៃ។
អ្នករស់នៅក្បែរបុរសរើសអេតចាយដែលរងការបាញ់ប្រហារ គឺលោក ឯក សំណាង ប្រាប់ថា អ្នកទាំងពីរមិនដែលមានទំនាស់ជាមួយអ្នកជិតខាង ឬលួចអីវ៉ាន់របស់អ្នកណានោះទេ។ លោកថា ប្ដីប្រពន្ធនេះក្រៅពីមានជីវភាពក្រលំបាក ថែមទាំងឈឺញឹកញាប់ទៀតផង៖ «»។
ប្ដីប្រពន្ធរើសអេតចាយនេះ ស្នាក់នៅក្នុងភូមិ៥ ក្រុម៣១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ប្ដីមានរស់នៅរាជធានីភ្នំពេញ តាំងពីដើមមក ចំណែកប្រពន្ធមានស្រុកកំណើតនៅខេត្តកំពង់ចាម។ នៅផ្ទះជួលដែលពួកគេរស់នៅម្ដុំមាត់បឹងត្របែក ជាកន្លែងស្តុកទឹកកខ្វក់។ ទំហំផ្ទះមានជាងបណ្ដោយ ៥ម៉ែត្រ ទទឹងជាង ៣ម៉ែត្រ សង់ពីឈើ ដែលដំបូល និងជញ្ជាំងបាំងបិទដោយស័ង្កសី។ ប៉ុន្តែបើទោះគ្រួសារកំពុងជួបបញ្ហានេះក្ដី ក៏លោកស្រី សុខ ពាន អះអាងថា នៅតែឲ្យកូនលោកស្រីទៅរៀនជាធម្មតា។
អំពើបាញ់ប្រហារលើបុរសអ្នករើសអេតចាយនៅពេលនេះ ខណៈដែលរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន កំពុងរងគ្រោះដោយករណីឆក់ប្លន់ប្រដាប់អាវុធស្ទើររាល់ថ្ងៃ។ ដូចគ្នានេះដែរ កាលពីថ្ងៃទី១៦ ខែធ្នូ មានករណីបាញ់សម្លាប់ឪពុក និងកូនរងរបួសធ្ងន់ដោយសាររឿងទារថ្លៃអំពូលភ្លើងដាក់បំភ្លឺផ្លូវ ប៉ុន្តែភ្លាមៗនោះដែរ សមត្ថកិច្ចចាប់ជនសង្ស័យ ៣នាក់ ក្នុងនោះម្នាក់ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ។
ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ ថា លោកបានដឹងរឿងនេះហើយ ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ។ លោកបន្តថា ច្បាប់មិនលើកលែងទោសចំពោះអ្នកប្រព្រឹត្តទេ ហើយលោកថា ករណីនេះគ្មានអ្វីជាអាថ៌កំបាំងនោះទេ៖ «»។
ទោះយ៉ាងណាក្តី កន្លងមកមានករណីដែលអ្នករងគ្រោះជាពលរដ្ឋធម្មតា ជាជនក្រីក្រ គេកម្រឃើញទទួលបានយុត្តិធម៌ភ្លាមៗ ឬពេញលេញពីសមត្ថកិច្ចណាស់។ ឧទាហរណ៍ដូចជាអតីតអភិបាលក្រុងបាវិត ដែលបានបាញ់រះលើកម្មករ ហើយជនរងគ្រោះទទួលបានយុត្តិធម៌ខ្លះ លុះត្រាតែលោកនាយករដ្ឋមន្ត្រីស្រែកហៅឲ្យចូលសារភាព។ នេះសបញ្ជាក់ថា មន្ត្រីអនុវត្តច្បាប់ហាក់គោរពបុគ្គលជាងគោរពច្បាប់។ ប៉ុន្តែបើអ្នកគំរាមសម្លាប់លោកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ សុខ ទូច និងអ្នកគំរាមសម្លាប់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង គេសង្កេតឃើញសមត្ថកិច្ចស្វែងជនល្មើសបានលឿន៕
ប្រភពៈ RFA
No comments:
Post a Comment