Monday, June 15, 2015

សញ្ញា​​ ៥ ​​យ៉ាង​​បង្ហាញ​​ថា អ្នក​​មាន​​ស្នេហា​​ហើយ!

ស្នេហា​ពេល​ខ្លះ​អាច​កើត​ឡើង​ដោយ​មិន​ដឹង​ខ្លួន សូម្បី​តែ​ចាប់​ចិត្ត​លើ​គេ​ហើយ​ក៏​នៅ​មិន​ទាន់​ច្បាស់​លួច​សួរ​ខ្លួន​ឯង​ថា ពិត​ជា​លួច​ស្រលាញ់​គេ​មែន​អត់ ហើយ​នេះ​ជា​ស្នេហា​មែន​ឬ​គ្រាន់​ជា​អ្វី​ផ្សេង ទើប​បាន​ជា​មាន​អារម្មណ៍​ចម្លែក​ៗ​បែប​នេះ។ យ៉ាង​ណា​ក្ដី​ ខាង​ក្រោម​នេះ​ជា​សញ្ញា​ខ្លះ​ៗ​បង្ហាញ​ថា ​អ្នក​កំពុង​មាន​ចិត្ត​ប្រតិព័ទ្ធ​ ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​លើ​គេ​ហើយ៖




ចង់​ដឹង​ពី​គេ​ស្ទើរ​គ្រប់​រឿង

កញ្ញា សុ​ភី អតីត​សិស្ស​វិទ្យាល័យ​ព្រះ​សី​ហ​នុ ខេត្ត​កំពង់ចាម ប្រាប់​ថា បើ​មាន​អ្នកណា​ម្នាក់​និយាយ​អ្វី​ពាក់ព័ន្ធ​នឹង​គេ គឺ​ចង់​ស្ដាប់​ចង់​ដឹង​ខ្លាំង​មែន​ទែន កុំ​ថា​ឡើយ​រឿង​ធំ​ដុំ​ពាក់ព័ន្ធ​ក្នុង​ជីវិត​គេ សូម្បី​រឿង​តូច​តាច​​ក៏​ចង់​ដឹង​ដែរ។ ចង់​ដឹង​ពី​ចំណង់​ចំណូល​ចិត្ត​គេ​ចូលចិត្ត​អី ស្អប់​អី គេ​រៀន​នៅ​សាលា​ណា ពី​មុន​គេ​ធ្លាប់​ធ្វើ​អ្វី​ខ្លះ មាន​បង​ប្អូន​ប៉ុន្មាន​នាក់ គឺ​ចង់​​ដឹង​ស្ទើរ​តែ​គ្រប់​យ៉ាង​ឲ្យ​តែ​ទាក់​ទិន​នឹង​គេ មិន​ថា​រឿង​ពី​មុន បច្ចុប្បន្ន និង​អនាគត​នោះ​ឡើយ។

រក​នឹក​ថា​ត្រូវ​ស្លៀក​អី

ស្រី​ពេជ្រ អាយុ ២៥ ឆ្នាំ បុគ្គលិក​ធនាគារ ABA និយាយ​ថា សញ្ញា​សំគាល់​មួយ​ទៀត​ គឺ​​ចាប់​ផ្ដើម​ចេះ​តុបតែង​ខ្លួន​ខុស​ប្លែក​ពី​សព្វដង ថែម​ទាំង​ចំណាយ​ពេល​យូរ​ដើម្បី​គិត​ថ្ងៃ​នេះ​គួរ​ស្លៀក​សំលៀកបំពាក់​មួយ​ណា​មើល​ទៅ​សម​ ហើយ​ផ្អៀង​ផ្អង​នៅ​មុខ​កញ្ចក់​តែ​ម្នាក់​ឯង​យូរ​ម៉ោង​ទៀត​ផង។ បើ​ពេល​ទៅ​ណា​មក​ណា​ដែល​មាន​វត្តមាន​បុរស​យើង​ដែល​​​កំពុង​មាន​កូន​ចិត្ត​លើ​ គឺ​ខ្លួន​យើង​ផ្ទាល់​បារម្ភ​ខ្លាច​តែ​មើល​ទៅ​មិន​ស្អាត តែ​បើ​កន្លែង​ដែល​គ្មាន​គេ​ទៅ​ទេ ទោះ​បី​ស្លៀក​ពាក់​អី​ក៏​មិន​សូវ​ខ្វល់​ច្រើន។ នៅ​ក្នុង​ចិត្ត​ចេះ​តែ​ចង់​ធ្វើ​ជា​មនុស្ស​ស្រស់​ស្អាត​សម្រាប់​រូប​គេ។
នឹក​ឃើញ​ដល់​រូប​គេ​មុន​គេ ព្រម​ទាំង​ចង់​ចែក​រំលែក​គ្រប់​យ៉ាង​ជា​មួយ​គេ

គ្រប់​យ៉ាង​នៅ​ពេល​ដែល​ធ្វើ​អ្វី​មួយ​មិន​ថា ​តែ​រឿង​សប្បាយ​ចិត្ត ឬ​កើត​ទុក្ខ ​គឺ​យើង​ចង់​ប្រាប់​ឲ្យ​គេ​បាន​ដឹង​ជាង​អ្នក​ណា​ៗ​ទាំង​អស់។ ចង់​ឲ្យ​គេ​បាន​សើច​រីករាយ​ជា​មួយ​ពេល​ធ្វើ​អ្វី​មួយ​ល្អ មាន​ស្នាដៃ។ ហើយ​នៅ​ពេល​ជួប​ទុក្ខ​លំបាក ក្រៀម​ក្រំ​ចិត្ត ក៏​នៅ​តែ​ចង់​ឲ្យ​គេ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ដឹង​មុន​គេ លើក​ទឹក​ចិត្ត​យើង។ មួយ​វិញ​ទៀត ពេល​លេង FB បើ​ឃើញ​គេ​កំពុង online យើង​ចង់​ទៅ Chat ជាមួយ​គេ​ភ្លាម​ៗ និយាយ​សួរ​សុខ​ទុក្ខ​ពី​នេះ​ពី​នោះ។ លើស​ពី​នេះ ប្រសិន​ចំ​ថ្ងៃ​ណា​ដែល​គេ​ខក​ខាន​មិន​បាន​មក​រៀន ឬ​មិន​បាន​ជួប​មុខ​គេ​ដូច​រាល់​ដង ខ្លួន​យើង​ផ្ទាល់​មាន​អារម្មណ៍​ថា​ ពិភពលោក​នេះ​ទទេ​ស្អាត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ លោក ឧត្ដម បញ្ញា និស្សិត​ផ្នែក​ច្បាប់ កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។

មាន​អារម្មណ៍​ដូច​ចម្លែក​ៗ ឲ្យ​តែ​បាន​ជួប​មុខ​គេ

យុវជន ស៊ុន​ ជា​ណា​រ៉ា អាយុ ២០ ឆ្នាំ បាន​បញ្ចេញ​យោបល់​ថា សញ្ញា​មួយ​ទៀត​ដែល​បង្ហាញ​ថា យើង​កំពុង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គេ​នោះ គឺ​ភ័យ​ខ្លាំង​ពេល​ដែល​គេ​សម្លឹង​ភ្នែក​ចំ។ បើ​អ្នក​ផ្សេង​មើល​មក​ គឺ​មាន​អារម្មណ៍​ធម្មតា ចំ​ឡែក​តែ​ម្នាក់​ហ្នឹង បើ​មើល​មក​យើង​ពេល​ណា គឺ​មាន​អារម្មណ៍​ភ័យ​ខ្លាំង ។ ហើយ​បើ​ជួប​មុខ​គេ រឿង​ដែល​ចង់​និយាយ​ទាំង​ប៉ុន្មាន​គឺ​ភ្លេច​អស់​រលីង នឹក​ឃើញ​តែ​ម្យ៉ាង​ គឺ​ញញឹម ​និង​ សើច។



ចង់​ឲ្យ​គេ​ចាត់​ទុក​យើង​សំខាន់​ជាង​គេ

ចំពោះ សុ​ជា​តា សិស្ស​ថ្នាក់​ទី​ ១០ នៃ​សាលា​ប៊ែល​ធី ប្រាប់​ថា ចំណុច​មួយ​ទៀត​ដែល​បង្ហាញ​ថា ​​ចាប់​ចិត្ត​ស្រលាញ់​អ្នក​ណា​ម្នាក់ គឺ​ការ​ចង់​បាន​យក​ចិត្ត​ទុក​ដាក់​ពី​គេ។ វា​ជា​អារម្មណ៍​ដែល​មាន​សេចក្ដី​សុខ​ខ្លាំង​បំផុត​ពេល​បាន​និយាយ​ជា​មួយ​គេ។ហើយ​ក៏​មាន​អារម្មណ៍​ខឹង​និង​អន់​ចិត្ត​ខ្លាំង​ពេល​គេ​មិន​រវីរវល់​ជាមួយ ឬ​ទៅ​យក​ចិត្ត​អ្នក​ផ្សេង​ជំនួស។ បើ​ពេល​យើង​ជួប​ការ​លំបាក យើង​ចង់​ឲ្យ​គេ​តែ​ម្នាក់​គត់ មក​សួ​រ​នាំ​ឬ​ព្រួយ​បារម្ភ​ពី​យើង ត្រឹម​និយាយ​ថា អ្នក​មិន​អី​ទេ? ក៏​សុខ​ក្នុង​ចិត្ត​ដែរ។ ហើយ​បើ​គេ​មិន​បាន​មក​ខ្វល់​ខ្វាយ​ពី​យើង យើង​មាន​អារម្មណ៍​ថា​ខូច​ចិត្ត​ជា​ខ្លាំង។

យ៉ាង​ណា​ហើយ ​មាន​អារម្មណ៍​ថា​ពិត​ជា​កំពុង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គេ​មែន​អត់?
ប្រភពៈ http://news.sabay.com.kh/ 

No comments:

Post a Comment